ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ហើយសិស្សម្នាក់មិនប្រើថង់ផ្លាស្ទិកជាមធ្យម ៤ថង់ ក្នុង១ថ្ងៃ ដែលធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីសកម្មភាព និងការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្ស នាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលមានមុំ៣សំខាន់ គឺស្អាត បៃតង និងចីរភាព ជាពិសេសយុទ្ធសាស្រ្តមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលុបបំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។
សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំនាវាបរិស្ថាន ក្នុងនោះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សិស្សានុសិស្ស មានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ សរុបជាង ៣,៦លាននាក់ ស្មើនឹង១០០% នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»៕