ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញព្រះរាជសារប្រទានដល់ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី ៨ ខែមសា ឆ្នាំ ២០២៤)។
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ព្រះករុណា ព្រះមហាក្សត្រ សម្ដែងនូវហប្ញទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ ជាទីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយ ទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងផ្សព្វផ្សាយ ព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើន ព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិយើងផង និងនៅលើសកលលោកទាំងមូលផង៕