អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើនកំដៅជាខ្លាំង បណ្ដាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។
ដើម្បីដោះស្រាយបំពេញបង្គប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង គំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។ ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វីដែលមានប្រយោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី
ទាំងអស់ជួយចូលរួម៖១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះ ចំពោះ បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម។ ២. បិទ/ផ្ដាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យអស់លទ្ធភាព ក្នុងករណីមិនចាំបាច់។ ៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ និង៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។
បើតាមអគ្គិសនីកម្ពុជា ការជួយសន្សំសំចៃថាមពលអគ្គិសនីរបស់បងប្អូនតាមវិធីខាងលើ មិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនីកម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថាហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ។
អគ្គិសនីកម្ពុជា សង្ឃឹមលើស្មារតីសហការរបស់អតិថិជន និងសាធារណៈជនទាំងអស់ ក្នុងការចូលរួមអនុវត្ត ការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយកាប្រើប្រាស់អគ្គិសនីឱ្យអស់លទ្ធភាពនៅក្នុងចុងរដូវប្រាំងនេះ។ ក្នុងករណី មានចម្ងល់ផ្សេងៗ សូមមេត្តាប្រើប្រាស់ EDC App ឬលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំនាក់ទំនងដោយផ្ទាល់នៅតាម បណ្តាសាខារបស់អគ្គិសនីកម្ពុជាដែលស្ថិតនៅជិតទីតាំងប្រើប្រាស់៕