ព្រះមហាក្សត្រ ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី 

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមេសានេះ យាងព្រះទីនាំងយន្តហោះពិសេសបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។

ក្នុងឱកាសយាងបំពេញព្រះរាជទស្សនកិច្ច ឥស្សរជន ប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ជាច្រើនរូប អញ្ជើញថ្វាយព្រះរាជដំណើរពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចៗឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ច ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ៕