រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights ថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។
រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅទីតាំងទាំង៣ នឹងមានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ការចាក់តន្ត្រីបែបុរាណ និងសម័យ និងការលេងល្បែងប្រជាប្រិយខ្មែរចាប់ពីម៉ោង១០ព្រឹកតទៅ ដូចជា៖ ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី ដណ្តើមស្លឹកឈើ ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានត្រៀមឡានទឹកសម្រាប់ជួយសម្រួលកម្តៅពីព្រះអាទិត្យផងដែរ។
ដោយឡែក ព្រឹត្តិការណ៍អមចំនួន ៣ មាននៅទីតាំងដូចជា៖
១.ឆ្នេរអូត្រេះ នៅតាមបណ្តោយឆ្នេរខ្សាច់ មានការរាំទូលក្អម
២.ទីតាំង«ខ្មែរធ្វើបាន» មានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាលាក់ កន្សែង ពង្រត់កូនក្រមុំ ដណ្តើមស្លឹកឈើ…
៣.រង្វង់មូលព្រះថោងនាងនាគ មានការស្រង់ព្រះថោងនាងនាគនៅថ្ងៃវរៈឡើងស័កដែលជាថ្ងៃទី៣។
ជាមួយគ្នានេះ ដើម្បីបង្កសប្បាយភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តព្រះសីហនុបានឧបត្ថម្ភសម្ភារសំខាន់ៗ និងចាំបាច់មួយចំនួនសំរាប់លេងល្បែងប្រជាប្រិយ ដែលប្រជាពលរដ្ឋនិយមលេងច្រើនដូចជា៖ ខ្សែព្រ័ត្រក្រចៅ អង្គុញ ប៉ិកួៈ ក្អម បាវក្រចៅ ម្សៅក្រអូប ឈួង និងក្រមារខ្មែរ ផងដែរ។