ផ្លូវជាតិបាក់ស្រុតដោយសារការរអិលបាក់ដី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ស្ថាបនាឡើងវិញរួចរាល់ហើយ

ផ្លូវតភ្ជាប់កំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចរអិលបាក់ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

នាថ្ងៃទី៤ខែមេសានេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យគុណភាពសំណង់ផ្លូវតភ្ជាប់ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ បន្ទាប់ពីកំណាត់ផ្លូវប្រវែង ១៦៦ម៉ែត្រ បានបាក់ស្រុតដោយសារការរអិលបាក់ដី នៅត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ចន្លោះ PK94+080 – PK94+150) កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញប្រវែង ៤២៥ម៉ែត្រ(PK93+900-PK94+325) ការងារស្ថាបនាប្រឡាយ Rip-Rap និងលូកាត់ទទឹងផ្លូវ សម្រេចរួចរាល់១០០% ដោយបានបើកឱ្យធ្វើចរាចរណ៍ជាធម្មតា ហើយរំពឹងថានឹងទទួលបានការធ្វើដំណើរច្រើនពីសំណាក់អ្នកទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ៕