ឯកឧត្តម ស សុខា៖ បទវិន័យថ្មី នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ស័ក្តិសមជាអ្នកបម្រើ និងការពារប្រជាពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជាថ្មី ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ស្របតាមគតិដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវមានការអប់រំកែលម្អអំពីអាកប្បកិរិយា សីលធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តុបណ្ឌិត ស សុខា អញ្ជើញក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជានេះថា បានធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃ បាននិងកំពុងដាក់ចេញនូវផែនការសម្រាប់ធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់ផ្នែក ក្នុងនោះមានទាំងការពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានស្នើបណ្ឌិត្យសភានគរបាលកម្ពុជា បញ្ចូលខ្លឹមសារនៃប្រកាសថ្មីនេះ ទៅក្នុងកម្មវិធីសិក្សា ដើម្បីបណ្ដុះបណ្ដាលនិស្សិត សិក្ខាកាម និងសិស្សនគរបាលគ្រប់កម្រិត និងគ្រប់ជំនាន់ ឱ្យបានយល់ដឹង​អំពីបទវិន័យ​នគរបាល​ជាតិកម្ពុជា ក្នុងន័យរៀបចំឱ្យនគរបាលបន្តវេនថ្មី ប្រកាន់ខ្ជាប់នូវវិន័យ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ស័ក្ដិសមជានគរបាលរបស់ប្រជាជន និងត្រូវរៀបចំកិច្ចប្រជុំ​តាមដាន វាយតម្លៃ​ការអនុវត្តជារៀងរាល់ ៣ខែម្ដងឱ្យបាន​ទៀងទាត់ជាមួយ​អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត ដោយការវាយតម្លៃ ត្រូវតែផ្អែកលើសូចនាករវាស់វែងជាក់លាក់ ដើម្បីយើងអាចដឹងបានថាតើការអនុវត្តមានប្រសិទ្ធភាពកម្រិតណា? មានបទវិន័យល្អ ប៉ុន្តែមិនមានការគោរពអនុវត្តពីមន្ត្រីគ្រប់រូបនោះគឺស្មើនឹងអត់វិន័យ៕