បន្ទាប់ពីទទួលភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា និងមុខថ្លែងសុរន្ទកថា ទៅកាន់សមាជិកសមាជិកាព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ ខិតខំថែរក្សាសុខភាព ខណៈស្ថិតក្នុងវ័យចំណាស់ទាំងអស់គ្នា។
សម្តេចតេជោបានថ្លែងថា៖ “មុនចូលដល់សុរន្ទកថា គិតធ្វើមិចការពារសុខភាពឲ្យបានផុតនិតីកាល យើងត្រូវផុតនិតីកាល ឆ្នាំ២០៣០ ចឹងត្រូវប្រឹងការពារសុខភាពដើម្បីអាចរស់នៅជាមួយគ្នារហូតដល់ឆ្នាំ២០៣០ ហើយពេលនោះខ្លួនខ្ញុំនឹងមានវ័យ ៧៨ឆ្នាំ”។
សូមជម្រាបថា ព្រឹទ្ធសភា បានបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងវ័យ៧២ឆ្នាំ ត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតគាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ជំនួសសម្ដេច សាយ ឈុំ ដែលត្រូវបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី ។
ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ សម្តេចតេជោបានថ្លែងថា៖ “យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ”៕
អត្ថបទ៖ អក្ខរា