ឃើញគេគាំទ្រច្រើនជាងខ្លួន គឹម សុខ កើតចិត្តច្រណែនអ្នកអត្ថាធិប្បាយ Kanitha ដោយលាបពណ៌គ្នាថា ធ្វើដើម្បីតែលុយ

«ស្ទីលអត្ថាធិប្បាយរបស់ប្អូន Kanitha មានគំរូដូចអ្នកកាសែតដើមអម្ពិល លោក សយ សុភាព សកម្មជនឆ្នើមCPP លោក ផែន វណ្ណៈ និង លោក ខាន់ សុវណ្ណ ដែលទើបលាចាកលោកថ្មីៗ»។ នេះ គឺជាការលើកឡើងរបស់អ្នកវិភាគឡប់សតិ គឹម សុខ លើហ្វេសប៊ុករបស់ខ្លួន។ ការលើកឡើងនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ អ្នកអត្ថាធិប្បាយតាមអនឡាញKanitha តាមរយៈកម្មវិធីThe Kanitha Show ទទួលបានការគាំទ្រច្រើនពីមហាជនកម្ពុជា។ 

ដោយឃើញមានការគាំទ្រច្រើនបែបនេះហើយ ទើបលោក គឹម សុខ កើតទុក្ខមិនសុខចិត្តឡើយថា ខ្លួនខំស្រែកកោកៗតាមប្រព័ន្ធព័ត៌មានប្រតិកិរិយាជាហូរហែរដែរ តែម៉េចក៏អត់ទទួលបានការគាំទ្រច្រើនអ៉ីចឹង។ លោក គឹម សុខ ខឹងផង ស្អប់ផង នៅពេលដែលឃើញអ្នកអត្ថាធិប្បាយតាមអនឡាញKanitha មានភាពល្បីល្បាញជាងខ្លួន។ អ្នកវិភាគខាងចាក់រុក ញុះញង់រូបនេះ បានលាបពណ៌អ្នកអត្ថាធិប្បាយតាមអនឡាញKanithaថា ការអត្ថាធិប្បាយរបស់នាង គឺជាស្ទីលទម្លាក់គ្រប់កំហុស លើមន្ត្រីថ្នាក់ក្រោមក្នុងរាជការ និង មនុស្សគ្មានខ្នងក្រាស ប៉ុន្តែ អត់ប៉ះឡើយ ជួនកាលឆ្លៀតសរសើរទៀតចំពោះនាយករដ្ឋមន្ត្រី សមាជិកគ្រួសារនាយរដ្ឋមន្ត្រី និង ក្រុមមន្ត្រី ដែលមានអំណាចកំពូលៗ ជិតស្និទ្ធនាយករដ្ឋមន្ត្រី…។ 

មិនតែប៉ុណ្ណោះទេ អ្នកវិភាគចោលម្សៀត គឹម សុខ ថែមទាំងបានលាបពណ៌ទៀតថា នេះ ទំនងជាស្ទីលពាណិជ្ជកម្មដ៏អស្ចារ្យដែលស្រួលរកលុយតាមអនឡាញ (online) ពីព្រោះ ទី១.អាចធ្វើឲ្យជនរងគ្រោះ និង អ្នកចង់បានយុត្តិធម៌ជាទូទៅ ដែលស្ដាប់ហើយ មិនពិចារណាឲ្យជ្រៅ យល់ច្រឡំថា គាត់ធ្វើដើម្បីយុត្តិធម៌ និង ទី២. ក្រុមគ្រួសារនាយករដ្ឋមន្ត្រី និងមនុស្សកំពូលៗនៃនាយករដ្ឋមន្ត្រី ក៏ពេញចិត្ត។ លោក គឹម សុខ បន្ថែមទៀតថា បើនិយាយអំពីលក្ខខណ្ឌអ្នកធ្វើជំនួញ មិនត្រូវបន្ទោសប្អូន Kanitha ទេ ព្រោះអ្នកជំនួញ ជាសកលទៅហើយ គឺធ្វើដើម្បីលុយជាអាទិភាព មិនមែនក្នុងគោលដៅយុត្តិធម៌សង្គមជាសំខាន់ឡើយ។

តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែចរិតចង្រៃជាងអ្នកផ្តាច់ការទៅទៀត មានចិត្តចង្អៀតចង្អល់ ឃើញគេល្អជាងខ្លួនបន្តិចមិនបាន តើលោក គឹម សុខ ឯងចេះខ្មាសគេទេ? ចាស់ហើយនៅច្រណែន ហើយនៅឈ្នានីសក្មេងស្រីម្នាក់នេះទៀត ចេះធ្វើទៅរួចដែរលោក គឹម សុខ ឯង។ ត្បិតថា អ្នកអត្ថាធិប្បាយតាមអនឡាញKanitha និយាយត្រូវខ្លះ ខុសខ្លះ ប៉ុន្តែ ពេលខ្លះ ការអត្ថាធិប្បាយរបស់នាងក៏បានផ្តល់ជាចំណេះដឹង ផ្តល់ជាការគិតបានមួយចំនួនដែរដល់ប្រជាពលរដ្ឋកម្ពុជា។ 

ចុះលោក គឹម សុខ ឯង ធ្វើអត្ថាធិប្បាយ ធ្វើវិភាគបានផ្តល់អ្វីខ្លះដល់ប្រជាពលរដ្ឋកម្ពុជា? លោកឯងចេះតែវិភាគបែបរវើរវាយវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើគណបក្សប្រជាជនកម្ពុជា មកលើសម្តេចតេជោ ហ៊ុន សែន និងមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។ លោកឯងដើរបង្កើតតែបញ្ហា បង្កើតរឿងមិនពិត បំប៉ោងព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរជឿ ហើយធ្វើតាមគំនិតដ៏ស្មោគគ្រោករបស់លោកឯង ដែលមានទណ្ឌិត សម រង្ស៊ី និងបក្ខពួក ជាចៅហ្វាយនាយ។ ប៉ុន្តែ ជាលទ្ធផល លោក គឹម សុខ ឯងបានធ្លាក់ចុះនូវការគាំទ្រយ៉ាងខ្លាំង ហើយផ្ទុយទៅវិញ គឺមានសន្ទុះនៃការស្អប់ខ្ពើមលោកឯងជាពន់ពេកពីសំណាក់ប្រជាជនខ្មែរជាច្រើនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។ នេះ ជាលទ្ធផលរបស់លោកឯងហើយដែលមិនចេះធ្វើអំពើល្អដាក់ប្រទេសជាតិ ដាក់ប្រជាពលរដ្ឋរបស់ខ្លួននោះ៕ 

ដោយ៖ ជម្ពូនុទ