នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។ សម្តេចបានមានប្រសាសន៍ថា កិច្ចការពារសម្បត្តិវប្បធម៌ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាល់អាណត្តិមកហើយ ហើយកម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ។ កម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត»
ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ។ ហើយឆ្នាំនេះ សម្ដេចបានជំរុញឲ្យអាជ្ញាធរខេត្តក្រុងទាំងអស់ រៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្ត ក្រុងស្រុកនានា។
ការថ្លែងរបស់សម្តេចធិបតី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយចំនួន៧ទៀតគ្នាពេលខាងមុខ ហើយសម្តេចបានណែនាំឱ្យក្រសួងរៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។ សម្តេចក៏បានណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សម្តេចណែនាំឱ្យមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរនៅថៃ មិនតម្រូវឱ្យបង់ថ្លៃសេវាចូលប្រទេសថៃវិញ ឬប្រទេសជិតខាងផ្សេងទៀត ដូចជាឡាវ ភូមាវៀតណាមជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះឡើយ។ សម្តេចបានណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែន របស់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ហើយមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ៕