«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ» គឺជាអង្គការចាត់តាំងថ្មីមួយទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលទើបបង្កើតឡើង ហើយមានទីតាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ នេះ គឺជាការចងក្រងគ្នាក្រោមការលួងលោម និងញុះញង់ដោយទណ្ឌិត សម រង្ស៊ី ឱ្យធ្វើសកម្មភាពខុសច្បាប់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាពិសេស ប្រឆាំងនឹងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា។
តើ«ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ»នេះ ជួយជាតិ ឬបំផ្លាញជាតិ? ដើម្បីឆ្លើយតបនឹងសំណួរនេះបាន ជាដំបូងគេត្រូវមើលថា តើអង្គការចាត់តាំងនេះ មាននរណាជាអ្នកដឹកនាំ? បន្ទាប់មកទៀត មើលថា តើអង្គការចាត់តាំងនេះ នឹងធ្វើសកម្មភាពយ៉ាងណា? ទី១. អង្គការចាត់តាំងខុសច្បាប់នៅក្រៅប្រទេសនេះ គឺបង្កើត និងដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក។ សួរទៀតថា តើក្រុមទណ្ឌិតនេះ បានធ្វើអ្វីខ្លះសម្រាប់ប្រទេស និងប្រជាជនកម្ពុជា? ចម្លើយខ្លីទេ គឺធ្វើសកម្មភាពក្បត់ជាតិ ដើរញុះញង់ឱ្យប្រជាពលរដ្ឋងើបប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនឯងដែលជាសកម្មភាពមិនអាចអត់អោនឱ្យបាន។
ទី២. តាមការអះអាងរបស់ទណ្ឌិត សម រង្ស៊ី គឺអង្គការចាត់តាំងមួយនេះ ធ្វើសកម្មភាពប្រឆាំងនានា ដើម្បីឈានទៅធ្វើជាអ្នកដឹកនាំប្រទេសកម្ពុជានាពេលអនាគត។ ហេតុដូច្នេះ យើងអាចវាយតម្លៃបានហើយថា អង្គការចាត់តាំងឈ្មោះថា «ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ»នេះ គ្មានជួយស្អីដល់ជាតិ និងប្រជាជនកម្ពុជាទេ ផ្ទុយទៅវិញ គឺញុះញង់ប្រជាពលរដ្ឋក្នុងប្រទេសឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ល្បិចចាស់មួយដែលទណ្ឌិត សម រង្ស៊ី បានប្រើ ហើយនៅតែបន្តប្រើប្រាស់នោះ គឺការយកប្រជាពលរដ្ឋ ជាពិសេស យុវជន ធ្វើជាកូនអុកនយោបាយរបស់ខ្លួន ដើម្បីសម្រេចមហិច្ចតាអំណាចដែលទណ្ឌិតរូបនេះមិនទាន់សម្រេចបាន។ ទណ្ឌិត សម រង្ស៊ី មិនហ៊ានឱ្យកូនរបស់ខ្លួនចូលធ្វើនយោបាយជាមួយខ្លួនទេ ព្រោះមិនអាចប្រើប្រាស់កូនខ្លួនឯងឱ្យធ្វើសកម្មភាពអាក្រក់ៗដែលខ្លួន និងបក្ខពួកបានរៀបចំ។ ជំនួសមកវិញ មានតែក្រុមយុវជនដែលត្រូវបានក្រុមទណ្ឌិត សម រង្ស៊ី បញ្ចូលមនោគមន៍វិទ្យារួចហើយទេ ទើបអាចយកមកប្រើប្រាស់ជាឈ្នាន់ ដើម្បីសម្រេចតាមចិត្តលោភលន់របស់ខ្លួន។ គិតៗទៅ អាណិតក្រុមយុវជនទាំងនោះណាស់ ចាញ់បោកពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី ដោយគ្រាន់តែទណ្ឌិតរូបនេះ លើកឡើងថា ពួកគេទាំងអស់ គឺជាកូនធម៌របស់ខ្លួន ម្នាក់ៗក៏តាំងទះដៃព្រាត ហើយញញឹមញញែមពេញចិត្តណាស់។ ប៉ុន្តែ ពួកគេមិនដឹងសោះថា នៅពីក្រោយពាក្យថា កូនធម៌នេះ គឺជាកូនអុក កូនជឹងរបស់ទណ្ឌិត សម រង្ស៊ី ឡើយ។
សរុបមកវិញ ការប្រើប្រាស់ក្រុមយុវជន ក៏ដូចជាបង្កើតនូវអង្គការចាត់តាំងឈ្មោះថា «ចលនាខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ»នេះ មានបំណងធំតែមួយគត់ គឺបំផ្លាញសន្តិភាពនៅក្នុងប្រទេស បំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ ធ្វើឱ្យអស្ថេរភាពនយោបាយ និងទប់ស្កាត់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា គួរតែតាមដានឱ្យដិតដល់ និងអនុវត្តច្បាប់ឱ្យបានទាន់ពេលវេលាចំពោះក្រុមបណ្តាញនៃអង្គការចាត់តាំងថ្មីនេះ ជាពិសេស បណ្តាញនៅក្នុងស្រុកដែលជាតួអង្គធ្វើសកម្មភាពជាក់ស្តែងតាមខ្សែញាក់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកពីខាងក្រៅប្រទេស៕
ដោយ៖ ជម្ពូនុទ