មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំពេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្មដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរតែទាំងស្រុងជាយូរមកហើយឱ្យរឹងមាំឡើងវិញ។
លោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្មដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន ដូរ បញ្ជាក់ថា ក្នុងចំណោមថ្មប្រាសាទដែលងាយស្រួលស្វែងរក គឺថ្មដែលមានក្បាច់។
ចំណែកលោក តប់ តង អាយុ៥៨ឆ្នាំ ជាកម្មករជំនាញស្វែងរកថ្មម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការរកថ្មសម្រាប់យកទៅជួសជុលប្រាសាទឱ្យត្រូវតាមទីតាំងដើម និងបានពេញទម្រង់ដើមឡើងវិញមានសារសំខាន់ណាស់ ដើម្បីរក្សាភាពដើមរបស់ប្រាសាទផង និងធ្វើឱ្យសំណង់រឹងមាំឡើងវិញផង។ លោក តប់ តង បង្ហាញឆន្ទៈមុតមាំថា ក្នុងនាមលោកជាអ្នកទទួលខុសត្រូវលើការងាររកថ្ម គឺលោកនឹងខិតខំប្រើជំនាញ និងទេពកោសល្យឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ដែលកំពុងដួលបាក់បែកឱ្យឈរដូចដើមវិញនៅពេលខាងមុខ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្រុកអង្គរដែលបានចូលរួមជួសជុល ថែរក្សាប្រាសាទបុរាណកន្លងមក អ្នកខ្លះមានវង្សត្រកូលជាអ្នកជួសជុលអង្គរអស់ជាច្រើនជំនាន់មកហើយ ដោយបន្តតាំងពីជំនាន់ជីតា ដល់ឪពុក រហូតកូនៗ ហើយពួកគាត់សប្បាយចិត្តនឹងការផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាកេរដូនតាឱ្យនៅគង់វង្សជាបន្តទៀតបន្តពីមួយជំនាន់ទៅមួយជំនាន់៕