ក្រសួងព័ត៌មាន ព្រមានជាលើកចុងក្រោយដល់អង្គភាពសារព័ត៌មានចំនួន៣

តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានព្រមានជាលើកចុងក្រោយឱ្យអង្គភាពសារព័ត៌មានចំនួន៣ ដែលបានផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ បំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។

អង្គភាពទាំងបីរួមមាន៖ ទី១៖ លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com​ ទី២៖ លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news និងទី៣៖ លោក លុយ សារ៉ែន ម្ចាស់គេហទំព័រឈ្មោះ www.fbrtvhotnews.com

ក្រសួងព័ត៌មាន បានបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីការសាកសួរលើវិវាទចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ហើយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានដំណើរការសាកសួរលើករណីការចុះផ្សាយអត្ថបទព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។

ក្រោយពីបានស្ដាប់ការបំភ្លឺរបស់លោកចាងហ្វាង ព្រមទាំងបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ឃើញថាការផ្សាយរបស់អង្គភាពទាំងបីខាងលើគ្មានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។

ក្រសួងព័ត៌មានព្រមានជាលើកចុងក្រោយឱ្យអង្គភាពសារព័ត៌មានទាំង៣ខាងលើនេះ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕