សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានស្នើទៅកាន់ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង ឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ឱ្យកាន់តែខ្លាំងថែមទៀត។
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ នាឱកាសជួបសំណេះសំណេះរវាងសម្តេច ជាមួយលោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបស្តែងការគួរសម និងពិភាក្សាការងារនៅ វិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ចាង ដេវ៉ាន ប្រធានក្រុមហ៊ុន មេកខ្យង បានលើកឡើងថា ជំនួបសម្តែងការគួរសមនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា សំដៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ជាមួយគ្នានេះ លោកក៏បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។
បន្ថែមពីនេះ សម្តេច ក៏បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍន៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ជាពិសេសកូរ៉េខាងត្បូងបានទទួលយក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។
យ៉ាងណាមិញ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីវិញ សម្តេចតេជោ ក៏បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ ដល់វិស័យសំខាន់ៗចំនួន ៥ គឺ៖«ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ,ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ អោយកាន់តែរីកចម្រើនថែមទៀត, ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ អោយកាន់តែរីកចម្រើនរឹងមាំ ,ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ អោយកាន់តែមានប្រសិទ្ធភាព, និងជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ»។
សូមរម្លឹកថា កិច្ចព្រមព្រៀង RCEP ដែលអ្នកស្រាវជ្រាវមើលឃើញថានឹងផ្ដល់ភាពចំណេញដល់ពាណិជ្ជកម្មកម្ពុជានិងតំបន់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងអាចនាំចេញទំនិញដល់ប្រទេសចំនួន១៥ ដែលរួមមានសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានដែលរួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលស្មើនឹង ២៨%នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង៩០ភាគរយសម្រាប់ប្រទេសកម្ពុជា។
ក្រៅពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ កម្ពុជាក៏ទទួលបាននូវអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះផងដែរ ដែលមានដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២%លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន។
គួររំលឹកផងដែរថា បច្ចុប្បន្នកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េក៏កំពុងស្ថិតក្នុងដៃសភាដើម្បីពិនិត្យអនុម័តផងដែរ៕
អត្ថបទ៖ រង្សី