ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិហុងកុង នៃប្រទេសចិន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិភាក្សារួមគ្នា ក្នុងការទិសដៅជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទ្វេភាគី ខណៈបច្ចុប្បន្នពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបានជាង ២.១ពាន់លានដុល្លារអាមេរិក។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក J.P Lee ប្រធានសភាពាណិជ្ជកម្មអន្តរជាតិហុងកុង ដើម្បីពិភាក្សា និងផ្សព្វផ្សាយជូនភាគីហុងកុងអំពីច្បាប់សំខាន់ៗ គោលនយោបាយអនុគ្រោះ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម និងទាក់ទាញវិនិយោគបរទេស។
ជាកិច្ចបន្ទាប់ លោករដ្ឋលេខាធិការ ក៏បានបន្តជួបជាមួយ លោកស្រី Karen TANG នាយកប្រតិបត្តិនៃមូលនិធិហុងកុងកាន់តែប្រសើរ (BHKF) ដោយមានការចូលរួមពីនាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់ហុងកុង ដើម្បីពន្យល់អំពីច្បាប់ និងគោលនយោបាយគាំទ្រពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ រវាងតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ដែរថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា នៅរយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។
ក្នុងរយៈពេល២ ដើមឆ្នាំ២០២៤នេះ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ ផ្លែឈើ និងគ្រឿងសង្ហារឹមជាដើម។
របាយការណ៍ដដែល ក៏បានបន្ថែមថា ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជា គឺចិន ពោលរយៈពេល២ខែ ដើមឆ្នាំ២០២៤ គឺសម្រេចបានទំហំពាណិជ្ជកម្មជាង ២.១ពាន់លានដុល្លារ៕
អត្ថបទ៖ រង្សី