មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អង្គការសមាគម កុំបារម្ភចំពោះការចុះធ្វើជំរឿន

ក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំរឿនដើម្បីចុះធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមអាសយដ្ឋានទីស្នាក់ការកណ្តាលរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ទៅអង្គការសមាគម កុំបារម្ភចំពោះការចុះធ្វើជំរឿន ដោយបញ្ជាក់ថា ការចុះធ្វើជំរឿននេះ មិនមានគោលដៅរឹតបន្តឹង ប្រឆាំង ឬជ្រែតជ្រែកកិច្ចការងារបស់់អង្គការសមាគមនោះទេ។ គោលដៅសំខាន់ដើម្បីដឹងពីចំនួនពិតប្រាកដរបស់អង្គការសមាគម ដែលធ្វើសកម្មភាព និងរកវិធីសាស្ត្រធ្វើការជាមួយគ្នាស្របតាមច្បាប់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ។ ឯកឧត្តមបានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលអង្គការ API ២០១៩-២០២៣ ផែនការយុទ្ធសាស្ត្រថ្មី និងសេវាកម្មប្រឹក្សា ២០២៤-២០២៨ នៅរសៀលថ្ងៃទី២៥ ខែមីនាេនះ។

ក្រសួងមហាផ្ទៃស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបា ក្នុងស្រុក ត្រូវផ្ដល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការបំពេញព័ត៌មានលើសលាកបត្រឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងជំរុញឱ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អប្រសើរ។

គិតត្រឹមខែមីនា ឆ្នាំ២០២៤ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនសរុប ៦ ៣៣២ ក្នុងនោះ សមាគមមានចំនួន២ ៧៨៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៣៧៕

អត្ថបទ៖ អក្ខរា