អ្នកឧកញ៉ា គួច ម៉េងលី បានចេញមុខទាមទារឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ដែលរងការចោទប្រកាន់ថា ក្លែងបន្លំប្រាក់វិនិយោគរួមគ្នារាប់សិបលានដុល្លារនាពេលកន្លងមក។ អ្នកឧកញ៉ារូបនេះ អះអាងថាមានគ្រួសារ និងជីវិតមនុស្សជាច្រើននាក់ រួមទាំងរូបអ្នកឧកញ៉ាផ្ទាល់ ដែលចូលចិត្តវិនិយោគ បានរងនូវផលប៉ះពាល់និងការឈឺចាប់ដោយសារតែការក្លែងបន្លំរបស់ក្រុមហ៊ុននេះ។
នៅក្នុងសំណេរជាភាសាខ្មែរ និងភាសាអង់គ្លេសនៅលើហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ អ្នកឧកញ៉ា គួច ម៉េងលី បានគូសបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើមស៊ើបអង្កេត និងដោយបើកចំហរ ហើយជនល្មើសត្រូវតែទទួលខុសត្រូវ ដោយកាត់ទោសតាមផ្លូវច្បាប់។លោកវេជ្ជបណ្ឌិត គួច ម៉េងលី អះអាងថា ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ខណៈ ឧក្រិដ្ឋជននៅតែមានសេរីភាព ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ។
អ្នកឧកញ៉ា គួច ម៉េងលី យល់ថា ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គម ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា និងថាការវិនិយោគផ្ទាល់ពីបរទេសក៏រងផលប៉ះពាល់កាន់តែខ្លាំង។
យ៉ាងណាមិញ អ្នកឧកញ៉ារូបនេះ បានបញ្ជាក់ថា ការបញ្ចេញសារខាងលើនេះគ្រាន់តែជាមតិយោបល់ផ្ទាល់ខ្លួន របស់អ្នកឧញ៉ាមួយដែលជាអ្នកចូលវិនិយោគក្នុង CIC និងកំពុងជួបបញ្ហាប្រឈមដូចបានលើកឡើងខាងលើនេះផងដែរ។ អ្នកឧកញ៉ាបន្តថា៖ “ការលើកឡើងខាងលើេនេះ មិនមានចេតនាសំដៅចាប់ទោសកំហុស ឬចោទប្រកាន់ទៅបុគ្គល ឬស្ថាប័នណាមួយឡើយ តែគ្រាន់តែជាការដាសតឿនដល់សាធារណៈជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមានការត្រិះរិះពិចារណាឱ្យបានច្បាស់លាស់មុននឹងជឿទុកចិត្ត ឬចូលរួមវិនិយោគជាមួយនណាម្នាក់ ឬស្ថាបន័ណាមួយ ដោយមួយរយៈនេះគឺមានផ្ទុះព័ត៌មានមិនល្អជាច្រើនពាក់ព័ន្ធនឹងប្រជាពលរដ្ឋមានខាតបង់ថវិកាលើការវិនិយោគដូចជាលើអចលនទ្រព្យជាដើម”។
ទោះជាយ៉ាងណាក្តី រាល់ចំណាត់ការ ឬដំណោះស្រាយទៅមុខ ទុកជូនអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធជាអ្នកស៊ើបអង្កេត និងដោះស្រាយទៅតាមផ្លូវច្បាប់។ អ្នកឧកញ៉ា សូមសំណូមពរបងប្អូនទាំងអស់គ្នា រក្សាភាពនឹងនរ ដើម្បីទុកឱ្យអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ជាអ្នករកដំណោះស្រាយណាមួយដែលសមស្របសម្រាប់យើងទាំងអស់គ្នា៕
អត្ថបទ៖ អក្ខរា