សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជានឹងចាត់ចែងរៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។
សម្តេចបានថ្លែងនារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបង មណ្ឌលភូមិភាគទី៤ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្តេច មានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់បំពេញការងារពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខបោះឆ្នោតស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោតតម្រូវ។
សម្តេច មានប្រសាសន៍បន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិអំពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំរបស់គណបក្ស ក្នុងការបន្តជំរុញដំណើរការ កំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលប្រកបដោយសក្តានុពល សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជា មូលដ្ឋាន ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់៕