ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកពង្រឹងគុណភាពសេវាមណ្ឌលសុខភាពក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យការអនុវត្តការងារ និងជំរុញការផ្ដល់សេវាសុខាភិបាល នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព សរុបចំនួន ៩ទីតាំង ក្នុងខេត្តព្រះវិហារ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
ការចុះត្រួតពិនិត្យមណ្ឌលសុខភាពនេះ ក្នុងគោលបំណងជួយពិនិត្យ និងគាំទ្រក្នុងការអនុវត្តការងារ ដើម្បីជំរុញបង្កើនសមត្ថភាពការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងផ្ដល់នូវភាពកក់ក្ដៅជូនប្រជាពលរដ្ឋមកទទួលសេវាឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតទៅលើការផ្តល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាអាទិភាពចំបង។
ក្នុងការចុះមកពិនិត្យ និងគាំទ្រការពង្រឹងគុណភាពសេវាមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង ៩ ខាងលើនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១. ការបម្រើសេវា និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ
២. ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ៣. អនាម័យ បរិស្ថាន ក្នុងនិងជុំវិញបរិវេណមណ្ឌលសុខភាព ៤. ការពង្រឹងសមត្ថភាពបច្ចេកទេសសុខាភិបាល និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ៥. ការគ្រប់គ្រង និងការថែទាំឱសថ សម្ភារៈបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា ៦. ការរៀបចំនិយាមលំហូរការទទួលពិនិត្យ និងព្យាបាលអ្នកជំងឺ (Triage) និង៧. ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពីឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ និងក្រុមការងារ ដោយបានចុះទៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន ៩ទីតាំង រួមមាន៖ មណ្ឌលសុខភាពតេជោបុស្សស្បូវ មណ្ឌលសុខភាពសែនជ័យ មណ្ឌលសុខភាពឈើទាលគង មណ្ឌលសុខភាពចំរើន មណ្ឌលសុខភាពរណសិរ្ស មណ្ឌលសុខភាពបរិបូរណ៍ មណ្ឌលសុខភាពភ្នំដែក ប៉ុស្តិ៍សុខភាពថ្នល់កោង និងប៉ុស្តិ៍សុខភាពក្តាក់៕