ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដោយបានបញ្ជាក់ថា កម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសសូមសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារ ជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់បានជា សះស្បើយឆាប់រហ័ស។ កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា ទង្វើភេរវកម្មណាក៏ដោយគឺជាបទឧក្រិដ្ឋ ដែលមិនអាចមានហេតុផលណាមួយជាសំអាងបានឡើយ ទោះបីជាប្រព្រឹត្តក្នុងគោលបំណងណាមួយ និងដោយបុគ្គលណាក៏ដោយ។ យើងសូមសម្ដែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី នៅក្នុងអំឡុងពេលវេលាដ៏ក្រៀមក្រំនេះ។
ដោយឡែក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមីនានេះ ក៏បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវាយប្រហារភារវកម្មនេះដែរ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីរន្ធត់យ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋរុស្ស៊ី រាប់រយនាក់ និងរងរបួសជាច្រើនរយនាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មនៅសាលមហោសព នៅ ទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ក្នុងនាមប្រជាជនកម្ពុជា រដ្ឋសភាបានបញ្ជាក់ថា យើងទាំងអស់គ្នាពិតជាមានសេចក្តីសោកស្តាយជាពន់ពេក និងសូមចូលរួម សម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមផ្តន្ទាទោសចំពោះទង្វើភេរវកម្មបែបនេះ និងចាត់ទុកជាបទឧក្រិដ្ឋ ដែលមិនអាចអត់ឱនឱ្យបាន។ យើងទាំងអស់គ្នាសូមសម្ដែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ក្នុងអំឡុងពេលដ៏ក្រៀមក្រំនេះ៕
អត្ថបទ៖ អក្ខរា