សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីបានថ្លែងថា វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែប្រសើរឡើងសម្រាប់ជាតិមាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាពប្រកួតប្រជែងក្នុងវិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះកំណត់ការសម្រេចឱ្យបាននូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសាកល។ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីសម្រេចឱ្យបាននូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា និងសម្រេចជោគជ័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។
ទន្ទឹមនេះ សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និង
ខ្សែច្រវាក់តម្លៃ ភាពធន់ ចីរភាព និងបរិយាប័ន្ន ។បច្ចុប្បន្ននេះ កម្ពុជាមានឯកសារគតិយុត្តគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាអាទិ៍ ៖ គោលនយោបាយជាតិស្ដីពីវិទ្យាសាស្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ កម្ពុជា ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និង ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន បច្ចេកវិទ្យាកសិកម្ម, បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័ត ព្រមទាំងបណ្ដាឯកសារ ផែនទី បង្ហាញផ្លូវមួយចំនួនទៀត ដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ ដូចជា បច្ចេកវិទ្យាថាមពល, បច្ចេកវិទ្យា ទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ។
សម្តេចធិបតី ក៏បានលើកទឹកចិត្តងផដែរ ដល់តួអង្គពាក់ព័ន្ធ មានជាអាទិ៍៖ ក្រសួង-ស្ថាប័ន, សកលវិទ្យាល័យ, មជ្ឈមណ្ឌលស្រាវជ្រាវ, វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នា អនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានា ឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សំចាប់យក និង បង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែង សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់៕
អត្ថបទ៖ អក្ខរា