ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងដថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ គឺឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្ត ក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវៈចម្រុះ និងឆ្នេរសមុទ្រជាដើម។ល។ គោលបំណងបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយឱ្យក្លាយជាទឹកដែលស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ MABR ទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់។ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
លោកបន្តថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ជា សុផារ៉ា និងបានស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកា សរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។
ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ៍នេះ បែងចែកជា ៩ដំណាក់កាលសំខាន់ៗដូចខាងក្រោម ៖ ១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២ ។ ២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។ ៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។ ៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។ ៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។ ៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។ ៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លា ដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។ ៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់៕