ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងលើកបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២២ ខែមីនានេះថា យប់មិញនេះ ឯកឧត្តមបានទទួលរបាយការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣:៣៣នាទី នៅចំណុចគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ ត្រង់ចំណុចរង្វង់មូលសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ក្នុងសង្កាត់ចតុម្មុខ ខណ្ឌដូនពេញ មានករណីមន្រ្តីនគរបាលម្នាក់ ឈ្មោះ យ៉ាន ប៊ុនថន ជាអនុប្រធាននាយកដ្ឋាន បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងអាការៈស្រវឹង។
ដោយឃើញស្ថានភាពដូច្នេះ សមត្ថកិច្ចបានអនុវត្តនីតិវិធីត្រួតពិនិត្យជាតិអាល់កុល ក៏ប៉ុន្តែលោកមិនព្រមសហការទេ ផ្ទុយទៅវិញបែរជាយកទូរសព្ទព្យាយាមថតកម្លាំងនគរបាលជានារី។ កម្លាំងនគរបាលបានព្យាយាមពន្យល់ម្ដងហើយម្ដងទៀតឱ្យសហការ និងបានហាមឃាត់កុំឱ្យថត តែបុគ្គលនេះនៅតែជជែងតវ៉ា រហូតដល់បានយកដៃរុញដើមទ្រូងនគរបាលនារី ក៏នាំឱ្យកើតមានការប្រតាយប្រតប់។ ភ្លាមនោះ កម្លាំងនគរបាល ក៏បង្ខំចិត្តចាប់ជននោះវាយខ្នោះ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានត្រួតពិនិត្យឃើញបុគ្គលនេះ មានជាតិអាល់កុល កម្រិត 0,52 មីលីក្រាមក្នុង១លីត្រខ្យល់។
បន្ទាប់ពីទទួលបានរបាយការណ៍ខាងលើនេះ និងដោយបានពិនិត្យយ៉ាងម៉ត់ចត់នូវវីដេអូផ្ញើភ្ជាប់ ឯកឧត្តម ស សុខា ពិតជាមានសេចក្ដីសោកស្ដាយជាពន់ពេកចំពោះករណីនេះ ជាពិសេសនៅពេលដែលអ្នកបញ្ជារថយន្តជានគរបាលជាតិ មានឋានៈជាអនុប្រធាននាយកដ្ឋានទៅទៀត។ ឯកឧត្តមធ្លាប់បញ្ជាក់ច្បាស់ហើយថា មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដែលហៅថា «សមភាពចំពោះមុខច្បាប់»។ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចគ្នាដែរ គឺជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលការអនុវត្តច្បាប់ដោយគ្មានយល់យោគ។ ជាក់ស្ដែងករណីខាងលើនេះ បានបង្ហាញច្បាស់ហើយថា ប្រសិនបើអ្នកបើកបរទាំងឡាយមិនព្រមផ្ដល់កិច្ចសហការ តួយ៉ាងការត្រួតពិនិត្យជាតិអាល់កុល កម្លាំងសមត្ថកិច្ចនឹងប្រើសិទ្ធិចាប់ឃាត់ខ្លួន ឬវាយខ្នោះបើប្រតិកម្មតប រួចបញ្ជូនទៅកាន់ការិយាល័យដើម្បីបន្តនីវិធី។
ជាមួយគ្នានេះ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តមក៏ធ្លាប់បានរម្លឹកម្ដងហើយម្ដងទៀតថា មន្រ្តីរាជការស៊ីវិលក្ដី មន្រ្តីនគរបាលជាតិក្ដី មន្រ្តីពន្ធនាគារក្ដី ពួកយើងមិនត្រឹមតែមានតួនាទី និងភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនោះទេ ប៉ុន្តែពួកយើងត្រូវតែមានស្មារតីចូលរួមផ្ដល់ភាពជាគម្រូនៃការអនុវត្តច្បាប់ និងជាគម្រូនៃការប្រព្រឹត្តអំពើល្អក្នុងសង្គមផងដែរ។
ទាញភ្ជាបនឹងករណីខាងលើនេះ ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមអំពាវនាវ បងប្អូនជនរួមជាតិ ជាពិសេសបងប្អូនដែលនិយមពិសារគ្រឿងស្រវឹង មិនថាពេលថ្ងៃ ឬពេលយប់ សូមមេត្តាទទួលទានប្រកបដោយការទទួលខុសត្រូវ ហើយញាតិមិត្ត និងក្រុមគ្រួសារ សូមចូលរួមក្រើនរំលឹក បញ្ចៀស និងហាមឃាត់កុំឱ្យអ្នកទាំងនោះបញ្ជាយានយន្តទាំងក្នុងអាការៈស្រវឹង។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមសូមអោយអ្នកបញ្ជាយានយន្តទាំងឡាយ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមផ្ដល់កិច្ចសហការឱ្យបានល្អជាមួយកម្លាំងសមត្ថកិច្ច។ ឯកឧត្តមក៏សូមរម្លឹកដល់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនតាមប្រកាសស្ដីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ ជាពិសេសត្រូវរក្សាភាពអត់ធ្មត់ និងមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋ ស្របតាមពាក្យស្លោកដែលយើងបានប្ដេជ្ញាចិត្តរួមគ្នាថា «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕