សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធីពិសារអាហារស្រាយ​បួសខែរ៉ាម៉ាឌនលើកទី៨ នៃបងប្អូនខ្មែរឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយ​ចង្វារ ដោយមានខ្មែរ​ឥស្លាមចូលរួមប្រមាណជាង៦ពាន់នាក់។

សម្ដេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារធានា និងលើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីក ចម្រើន និង រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ, ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា, សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

ក្នុងឱកាសនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន៖ ទី១. ថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នា និង មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ ។ ទី២. ត្រូវបន្តរៀបចំដឹកនាំ កិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់។ ទី៣. សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាមស៊ូរ៉ា ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការ កំណត់លើការកសាងទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាម រស់នៅ ស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។ ទី៤. ត្រូវបង្កើនសកម្មភាពសង្គម តាមរយៈ កិច្ចការមនុស្សធម៌ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ ។ ទី៥. ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាព ខាងសាសនាឥស្លាមនៅកម្ពុជា តាមរយ: សាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាព សុខដុមនីយកម្មផ្នែកសាសនា ។ ទី៦. ត្រូវបន្តកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ ដើម្បីកៀរគរថវិកា និង បច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍៕