ក្រសួងធម្មការ និងសាសនា ណែនាំគ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម។ ក្រសួងណែនាំគ្រប់វត្ដអារាមឱ្យសហការ និងបង្កលក្ខណៈងាយស្រួលជូនក្រសួង ស្ថាប័ន អង្គភាព មន្ទីរ ពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រៀបចំលេងល្បែងប្រជាប្រិយនានាក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ហើយរាល់ការលេងល្បែងនិងរបាំប្រជាប្រិយឱ្យត្រឹមត្រូវតាមក្បួនខ្នាត លក្ខណៈប្រពៃណីជាតិខ្មែរ និងប្រកបដោយសុវត្ថិភាព។
ក្នុងសេចក្តីណែនាំនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា ណែនាំមន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តអារាម ឱ្យយកព្រះហឫទ័យទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាមដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធី បុណ្យសាសនាតាមវត្តអារាមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធី ស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម។
ណែនាំទៅគ្រប់វត្ដអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាមបូជនីយដ្ឋាន
ស្តូបតាមវត្តអារាម។ ណែនាំនៅគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ។ បន្ថែមពីនេះ ក្រសួងធម្មការក៏ណែនាំគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះមហាសង្ឃរាជទេព វង្ស៕
អត្ថបទ៖ អក្ខរា