CAPDI អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនកាន់សាសនាឥស្លាមនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតអោយឯកឧត្ដម Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។

នៅក្នុងជំនួបសម្ដែងការគួរសមនេះ ឯកឧត្ដម បានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម និងប្រតិភូចូលជួបសំដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត និងប្រតិភូអញ្ជើញចូលរួមកម្មវិធីស្រាយបួស ក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២១ មីនានេះ។

ឯកឧត្ដម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដមបណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីតអនុប្រធានាធិបតី និង បានគោរពថ្លែងអំណរគុណ ជូនចំពោះ សម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជនកាន់សាសនាឥស្លាមនៅកម្ពុជា តាំងតែពីពេលដែល សម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាគឺតែងតែប្រារព្ធពិធីស្រាយបួសជារៀងរាល់ឆ្នាំក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន ដែលនេះគឺបានបង្ហាញឲ្យច្បាស់ថាកម្ពុជាគឺគ្មានការរើសអើងសាសនា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ជូន ឯកឧត្តមបណ្ឌិតថា កម្ពុជាតែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបានបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនកាន់សាសនាឥស្លាមដោយគ្មានការរឹតត្បិតណាមួយឡើយ ហើយការរៀបចំនេះតែងធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន៕