ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-រុស្ស៊ី និងជំនួយការ២រូប បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្សុីក៏បានអញ្ជេីញចូលរួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងបេសកកម្មសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្សុីឆ្នាំ២០២៤នេះដែរ។
ក្នុងអំឡុងពេលសង្កេតការណ៍នេះ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gennady Ivanovich Ordenov សមាជិកក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងឯកឧត្តម Vladislav Davankov បេក្ខភាពប្រធានាធិបតីដែលមានវ័យក្មេងជាងគេមកពីគណបក្សប្រជាជនថ្មី និងថ្នាក់ដឹកនាំរបស់គណបក្សនេះ ដើម្បីស្វែងយល់អំពីប្រព័ន្ធ និងដំណើរការបោះឆ្នោត តាំងពីការចុះឈ្មោះ យុទ្ធនាការឃោសនារកសំលេងឆ្នោត និងទស្សនៈរបស់បេក្ខជនចំពោះដំណើរការបោះឆ្នោត និងលទ្ធផលឆ្នោត។
គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍បោះឆ្នោត ជាក់ស្តែងនៅតាមការិយាល័យបោះឆ្នោតមួយចំនួនក្នុងទីក្រុងម៉ូស្គូ បានជួបសម្ភាស៍អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ក្នុងស្រុកមកពីសង្គមសុីវិល និងពីគណបក្សរបស់បេក្ខជន ហើយក៏បានចូលរួមមើលការរាប់សន្លឹកឆ្នោតផងដែរ។ គណៈប្រតិភូក៏បានចូលរួមក្នុងកម្មវិធីប្រកាសលទ្ធផលបឋម ដែលរៀបចំឡើងដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី ដែលបានបង្ហាញឱ្យឃើញថា មានប្រជាជនរុស្សុីចំនួន77,44% នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុបបានទៅចូលរួមបោះឆ្នោត ហើយ ឯកឧត្តមប្រធានាធិបតី វ៉្លាឌីមា ពូទីន បានឈ្នះការបោះឆ្នោតនេះ ដោយបានទទួលសំលេងគាំទ្រ 87,30% នៃសំលេងឆ្នោតបានការសរុបទាំងអស់។ បន្ទាប់មក គណៈប្រតិភូរដ្ឋសភាក៏បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤នេះ ជាមួយតំណាងក្រុមប្រទេស និងប្រទេសសង្កេតការណ៍ នានាផងដែរ។
គួរកត់សម្គាស់ថា ក្រៅពីគណៈប្រតិភូរដ្ឋសភា ក៏មានគណៈប្រតិភូព្រឹទ្ធសភា និងគណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្សុីឆ្នាំ២០២៤នេះផងដែរ៕