សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កុំវ៉ៃអួ គ្រូពេទ្យខ្លះមិនល្អ តែគ្រូពេទ្យច្រើនណាស់មានវិជ្ជាជីវៈល្អ, នៅកន្លែងណា ប្រទេសណាក៏គ្មានល្អឥតខ្ចោះនោះដែរ។ សម្តេចបានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។
សម្តេចធិបតី បានគូសបញ្ជាក់ថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និងឯកជន និងផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែលមានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និងក្រមសីលធម៌ល្អនៅបច្ចុប្បន្នកាល និងសម្រាប់ពេលអនាគត។
ប្រមុខរាជរដ្ឋាភិបាលក៏ជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត៕
អត្ថបទ៖ អក្ខរា