រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយទីប្រជុំជនទាំងអស់ទៅជាទីក្រុងប្រកបដោយសោភណភាព មានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អ ដែលប្រជាជនមានមោទនភាពក្នុងការរស់នៅជាលក្ខណៈបុគ្គល និងគ្រួសារ ស្របនឹងសហសម័យកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ក្នុងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្ររបស់គណៈស្ថាបត្យករកម្ពុជាឆ្នាំ២០២៣-២០២៨ និងករណីសិក្សាគម្រោងប្លង់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ មីនា។
ក្នុងកិច្ចប្រជុំ ឯកឧត្តម សាយ សំអាល់ ជំរុញគណៈស្ថាបត្យករកម្ពុជាឱ្យរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនប្រកបដោយភាពរស់រវើក និងគ្រប់ជ្រុងជ្រោយ ព្រមទាំងលើកទឹកចិត្តគណៈស្ថាបត្យករកម្ពុជា និងគណៈវិស្វករកម្ពុជា គិតគូរច្នៃប្រឌិតអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីមានលទ្ធភាពរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព៕