ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺសាធារណៈជន និងអង្គភាពសារព័ត៌មាននានា ជុំវិញការកាត់តរូបភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យឃើញនូវរូបភាពមួយចំនួន ដែលគណនីហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានផុសផ្សាយនូវខ្លឹមសារ និងរូបភាពស្តីពីការចុះផ្សព្វផ្សាយច្បាប់ និងសារអប់រំ មានគ្រឿងញៀន ចរាចរណ៍ ព្រហ្មទណ្ឌ ផលប៉ះពាល់នៃគ្រាប់មីន ក្មេងទំនើងជាដើម របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ដឹកនាំដោយលោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍ ។
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកគិរីវង់ ធ្វើការកោះអញ្ជើញមន្ត្រីពាក់ព័ន្ធមកធ្វើការប្រជុំត្រួតពិនិត្យជាបន្ទាន់ ដើម្បីសាកសួរ។
ក្រោយពីធ្វើការសាកសួរបានឱ្យដឹងថា រូបភាព២សន្លឹកនោះពិតជាបានកាត់តប្រាកដមែន ដោយលោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច មូលហេតុព្រោះតែកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ចេន មឿន បានដឹកនាំកម្លាំងកម្លាំងចុះធ្វើវេទិកាសាធារណៈនៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ តែមិនមានមនុស្សចូលរួម(ចូលរួមបានតែ០៥នាក់ ស្រី០៣នាក់) ក៏កាត់តបន្ថែម ក្នុងគោលបំណង ផ្ញើមកផ្នែកកិច្ចការប៉ុស្តិ៍ជារបាយការណ៍ ហើយអធិការដ្ឋានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានឃើញ និងចូលរួមបានច្រើន មិនមានគោលបំណងណាផ្សេងនោះឡើយ។
បច្ចុប្បន្ន លោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ត្រូវបានស្នងការដ្ឋាននគរបាលខេត្តតាកែវ ហៅមកអប់រំណែនាំ ក្រោមរូបភាពដកមកការិយាល័យបុគ្គលិកដើម្បីអប់រំកែប្រែកំហុសឆ្គង មូលហេតុល្មើសវិន័យ។ ដោយឡែកលោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអនុសេនីយ៍ឯក គិត សែនពិសិដ្ឋ នាយប៉ុស្តិ៍ស្តីទី ត្រូវបានធ្វើការអប់រំព្រមានលើកទី១ មូលហេតុខ្ជីខ្ជាលើការងារគ្រប់គ្រង៕