World Bank ផ្តល់ឥណទាន ៣៥លានដុល្លារ ជួយកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា

ធនាគារពិភពលោក (World Bank) ផ្តល់ហិញ្ញប្បទានបន្ថែមចំនួន៣៥លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជានឹងអាកាសធាតុនៅកម្ពុជា។តាមរយៈឥណទាននេះ ផ្លូវជនបទជាច្រើនខ្សែ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​រឹងមាំកាន់តែ​ប្រសើរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នខាងលើ ផ្សាយចេញកាលពីចុងសប្តាហ៍។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា ផ្លូវជនបទជាច្រើនខ្សែ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​រឹងមាំកាន់តែ​ប្រសើរ​ ដើម្បីទប់ទល់​នឹងឥទ្ធិពលនៃ​អាកាស​ធាតុ និង​សម្រាប់​ពលរដ្ឋ​ប្រើ​ប្រាស់​នៅគ្រប់​កាលៈទេសៈនៃ​អាកាសធាតុ ​ដើម្បី​ទទួល​បាន​សេវាថែទាំសុខភាព​ និង​ទីផ្សារសំខាន់ៗ បន្ទាប់​ពី​គណៈនាយកប្រតិបត្តិ​នៃ​ធនាគារ​ពិ​ភពលោក បាន​អនុម័ត​ឥណទាន​ចំនួន ៣៥លានដុល្លាអាមេរិក ​បន្ថែម សម្រាប់​គម្រោង​នេះ។ ​ 

​​ប្រភពដដែលបន្តថា សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់​ធនាគារពិភពលោក ផ្តល់ឥណទាន​បន្ថែមនេះ​សម្រាប់​ “​គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់” Cambodia Road Connectivity Improvement Project (RCIP) ក្នុង​គោលដៅបង្កើន​ភាព​ធន់​របស់​ផ្លូវ​ សម្រាប់​ពល​រដ្ឋ​ប្រើ​ប្រាស់​ក្នុ​ងការ​ចូលទៅរក​ទីផ្សារ, ទៅសាលារៀន និង​ទៅរកសេវាសុខាភិបាល នៅខេត្ត​ក្រចេះ, កំពង់ចាម និង​ត្បូងឃ្មុំ។ 

ខេត្ត​ទាំងបីនេះ​ មាន​ប្រជាជន​សរុប​ជាង ២លាននាក់ ដែលក្នុងនោះ ៨០% រស់​នៅ​តាម​តំបន់​ជនបទ។ គម្រោង​ RCIP នេះ​ត្រូវ​បាន​អនុម័ត​កាលពីខែកក្កដា ឆ្នាំ​២០២០ ក្រោម​​ហិរញ្ញប្បទាន​ចំនួន ១០០លានដុល្លាអាមេរិក។

ធនាគារពីភពលោកបន្តថា ឥណទានបន្ថែមនេះ នឹង​ជួយបំពេញការ​ទូទាត់​ឱ្យ​ចំណាយ​គម្រោង​ ដែល​បានឡើងថ្លៃខ្ពស់​ជាង​ការ​គ្រោង​ទុក ជាពិសេស​ នៅ​ក្នុង​​កិច្ច​សន្យា​ធ្វើ​ផ្លូវ។ លើសពីនេះ កិច្ចការ​នវានវុត្តន៍មួយចំនួន​ដែល​ការ​សិក្សា​ស្ទង់លម្អិត​បាន​រកឃើញ និង​ការរចនាផ្នែក​​វិស្វកម្ម​សម្រាប់​គម្រោង​ផ្លូវ ក៏តម្រូវ​ឱ្យ​មាន​ថវិកា​ទ្រទ្រង់​ថែម​ទៀត​ដែរ ខណៈបច្ចុប្បន្ននេះ ការ​ងារ​ស្តារសម្បទាផ្លូវ​ត្រូវ​បាន​អនុវត្តលើ​ផ្លូវប្រវែង ១៣០គម នៃ​ផ្លូវ​ជាតិ​និង​ផ្លូវខេត្តគោលដៅ​ និង​លើផ្លូវ​ ១៤២គម​នៃ​ ប្រវែងសរុប​ ២៧៩គម នៃផ្លូវ​ជនបទដែលជាគោលដៅ។ 

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ លទ្ធភាពចូល​ទៅ​រក​សេវា​ថែទាំសុខភាព​ និង​សាលារៀន និង​ការ​ដឹក​ជញ្ជូន​ទំនិញទៅកាន់ផ្សារ សុទ្ធ​តែ​ជាបញ្ហា​ប្រឈម​ធំណាស់​ សម្រាប់​ពល​រដ្ឋ​កម្ពុជា​រស់​នៅ​តាម​ទីជនបទ ជា​ពិសេស​ នៅក្នុង​រដូវ​វស្សា។ មិនតែប៉ុណ្ណោះ ស្ថាន​ភាព​ផ្លូវ​អន់ និង​ការ​កាត់​ផ្តាច់ដោយ​ទឹក​ជំនន់ និង​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន បង្ក​ឧបសគ្គធំៗ​ដល់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំសុខភាព និង​ការ​សង្គ្រោះ​បន្ទាន់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។”

យ៉ាងណាមិញ ធនាគារនេះ ក៏បានបង្ហាញក្តីរំពឹងថា គម្រោងនេះក៏​ជួយ​ផង​ដែរ​ ដល់​ការ​អភិវឌ្ឍផ្នែក​ស្ថាប័ន​សំខាន់​ៗ នៅ​ក្រោម​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែល​ ទាំងពីរនេះ ​ជា​ភ្នាក់ងារ​អនុវត្តន៍គម្រោង។ ការងារ​អភិវឌ្ឍ​ស្ថាប័ននោះរួមមាន ការ​រៀបចំបង្កើត​យុត្តិសាស្ត្រ​ហិរញ្ញប្បទាន​សម្រាប់​ទ្រ​ទ្រង់​ផ្លូវ​ជនបទធន់អាកាសធាតុ ការ​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​សកម្មភាព​បញ្ជ្រាប​យេនឌ័រ និង​ការ​គ្រប់​គ្រង់​កិច្ច​សន្យាផ្អែក​លើ​សមិទ្ធ​កម្ម​ការ​ងារ សម្រាប់​ការ​កែលម្អ និង​ការ​ថែទាំ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ ឱ្យ​មាន​ចីរភាពកាន់តែប្រសើរឡើង៕