សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមីនានេះ អបអរសាទរពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ។
សម្តេចធិបតីបានបន្តថា នៅខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ ២០២៤នេះ ក្រសួងទេសចរណ៍បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ ទេសចរអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ៕
អត្ថបទ៖ អក្ខរា