សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យ ទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។ សម្តេចធិបតី បានថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើកទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។
ដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុនសៀមរាប មិនមានសំឡេងទេសចរណ៍អ៊ូអរកងរំពងដូចពេលបច្ចុប្បន្ននេះឡើយ។ នេះហើយជាផលលាភនៃសុខសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ, វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់ គួរជាទីមោទនៈ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុង ផ.ស.ស. ជាតិ។ ប៉ុន្តែកំណើននេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ដោយសារការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ ដែលបាន ជះឥទ្ធិពលជាអវិជ្ជមានដល់សុខភាពសាធារណៈ និង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិនៅទូទាំងសកលលោក៕