សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព។
ក្នុងកិច្ចប្រជុំពេញអង្គ សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកច្រើនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។
សម្តេចធិបតី ក៏បានណែនាំឱ្យបង្កើនការអប់រំពាក់ព័ន្ធនឹងគ្រោះថ្នាក់បណ្តាលមក ពីគ្រឿងស្រវឹង ទន្ទឹមគ្នានឹងការពង្រឹងវិធានការច្បាប់។ សម្តេចធិបតី ក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក៏ដូចជាក្រសួងមហាផ្ទៃ បន្តការត្រួតពិនិត្យលើល្បែងស៊ីសង និងផ្សងសំណាងឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ អក្ខរា