ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធ បានមានប្រសាសន៍ឱ្យដឹងថា វិស័យវប្បធម៌ និងសិល្បៈរបស់ខេត្តសៀមរាបមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះមានក្រុមសិល្បៈមហាជន របាំបុរាណ ប្រពៃណី វង់ភ្លេងបុរាណ សិល្បករ-សិល្បការិនី កំពុងបម្រើការ និងប្រកបអាជីវកម្មជូនភ្ញៀវជាតិ-អន្តរជាតិ យ៉ាងសកម្មនៅតាមបណ្តាមហោស្រព សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនកន្លែងនាពេលរាត្រី។ ក្នុងនោះមានសិល្បៈទស្សនីយភាពបានចេញទៅសម្តែងនៅឆាកអន្តរជាតិជាញឹកញាប់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិកម្ពុជាដល់ពិភពលោក។
ជាមួយនោះខេត្តក៏មានក្រុមល្ខោនបាសាក់ ចំនួន១១ក្រុម នៅទូទាំងខេត្ត ដែលមានសិល្បករ សិល្បការិនី ប្រមាណជាង២០០នាក់។ ក្រៅពីនោះ ខេត្តមានរោងមហោស្រពខ្នាតអន្តរជាតិធំៗរបស់ឯកជន សម្រាប់សម្តែងជូនភ្ញៀវជាតិ-អន្តរជាតិ ក្រៅពីការទស្សនាប្រាសាទនាពេលរាត្រី។ ចំពោះវិស័យខ្សែភាពយន្តក្នុងខេត្តវិញ មានរោងភាពយន្តចំនួន៣កន្លែង ហើយវិស័យសិល្បៈសូនរូប និងសិប្បកម្ម មានចំនួន៣៣៦កន្លែង។
ដោយឡែកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងខេត្ត បាននឹងកំពុងចាប់ផ្តើមមានវឌ្ឍនភាពឡើងវិញជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមាណ ២,៥២៩,៥១៤នាក់ មានការកើនឡើង ៣២,៣៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១,៧៣០,៤៤៥នាក់ ភ្ញៀវអន្តរជាតិមានចំនួន៧៩៨,០៦៩នាក់។ ចំពោះទេសចរណ៍អន្តរជាតិ បើគិតត្រឹមចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ដោយផ្អែកតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរក្នុងមួយថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាមធ្យម ចន្លោះពី៣៥០០ ទៅ៤០០០នាក់។ ក្រៅពីនោះ វិស័យផ្សេងៗទៀតក៏មានការលូតលាស់ឈានឡើងគួរឱ្យកត់សម្គាល់ ធ្វើឱ្យស្ថានភាពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕