សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំមិនបដិសេធដែលមានផ្សាយនៅលើ Facebook ដែលថា យើងអត់មានរោងចក្រដែលបិទនោះទេ ប៉ុន្តែកុំភ្លេចមើលរោងចក្រដែលបើកផង។ ឧទាហរណ៍ បើយើងទៅយកព័ត៌មានតែពីរឿងរោងចក្រ YW Garmin នៅខណ្ឌដង្កោ ដែលថៅកែគាត់រត់ ហើយកម្មករប៉ុន្មាននាក់ដែលបានបិទការងារ ហើយមើលតែជ្រុងនឹង ថាកម្ពុជាឃើញតែបិទ អត់មានបើក ហើយបើយើងដាក់ការមេរ៉ាមើលតែមួយនឹង យើងឃើញតែមួយនឹង ប៉ុន្តែកុំភ្លេចពេលដែលរោងចក្រនេះបិទ មានរោងចក្រក្បែរៗនោះមួយចំនួនកំពុងតែខ្វះកម្មករ និងមានរោងចក្របើកថ្មីៗផងដែរ»។
ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្ដិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអ្នកដែលចង់ដឹងពីសេដ្ឋកិច្ច និងការងារពិតប្រាកដរបស់កម្ពុជាសូមពិនិត្យមើលឱ្យគ្រប់ជ្រុង មិនមែនគ្រាន់តែស្ដាប់ព័ត៌មានតែមួយប្រភព ហើយវាយតម្លៃលើស្ថានភាពទាំងមូលនោះទេ។ សម្តេចបានបន្តថា សូមកុំទៅមើលតែកន្លែងរោងចក្រដែលបិទ ត្រូវមើលរោងចក្រដែលបើកថ្មី និងរោងចក្រដែលកំពុងខ្វះកម្មករផង ហើយបើចង់ដឹងឱ្យកាន់តែច្បាស់ អាចសួរនៅកន្លែងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាន៕
អត្ថបទ៖ អក្ខរា