កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមាន ស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងទាំងពីរ និងសំណូមពរមួយចំនួនសម្រាប់ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ទូទៅនៅក្នុងប្រទេសឡាវ ក្នុងនោះ រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧនាយករដ្ឋមន្រ្តី ក៏បង្ហាញការកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អគ្រប់ថ្នាក់រវាងអង្គភាពចំណុះក្រសួងទាំងពីរ រួមទាំងខេត្តជាប់ព្រំដែនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានបង្ហាញក្ដីនឹករលឹកខ្ពស់ចំពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានថ្លែងអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ភាគីទាំងពីរក៏បង្ហាញការគាំទ្រចំពោះជំនួបវាងនាយករដ្ឋមន្រ្តី និងប្រធានសភា នៃប្រទេសទាំងពីរ កាលពីពេលថ្មីនេះផងដែរ។
នៅចុងបញ្ចប់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៤៕