ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា មន្ត្រីដែលមិនគោរពវិន័យ (ក្រៅពីគ្រឿងញៀន) យកតួនាទីទៅបំផ្លាញជាតិ បំផ្លាញប្រជាជន ក៏នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌដែរ។
យោងតាមវីដេអូឃ្លីបដែលក្រសួងមហាផ្ទៃ បានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានបញ្ជាក់ច្បាស់ៗថា មន្រ្តីនគរបាលដែលមិនគោរពវិន័យដូចជាយកតួនាទីរបស់ខ្លួនទៅបំផ្លាញជាតិ ឬផលប្រយោជន៍ប្រជាជន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ហើយក៏មិនត្រូវទុកដង្កូវនៅក្នុងសាច់បន្តទៀតដែរ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាល និងនាយទាហានជាច្រើននាក់ ត្រូវបានដកចេញពីក្របខណ្ឌ ទម្លាក់ពីតួនាទី និងបន្ថយតួនាទី។ ភាគច្រើននៃមន្រ្តីបណ្តេញចេញ ច្រើនមកពីក្រសួងមហាផ្ទៃជាងមកពីក្រសួងការពារជាតិ ដោយសារតែល្មើសវិន័យការងារ និងមានជាប់ពាក់ព័ន្ធគ្រឿងញៀនជាដើម។
ដំណើរការដកហូតមន្ត្រីពីក្របខណ្ឌជាបន្តបន្ទាប់ក្រោមហេតុផលល្មើសវិន័យការងារ និងពាក់ព័ន្ធគ្រឿងញៀនធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យបោសសម្អាតគ្រឿងញៀនដោយផ្តើមចេញពីកងកម្លាំងប្រដាប់អាវុធទាំងអស់មុនគេ៕
អត្ថបទ៖ អក្ខរា