នៅចាំទេ? កម្ពុជា នាំចេញបង្កងកណ្តូបទៅចិនលើកដំបូង ៤៥គីឡូក្រាម, ឥលូវកើនដល់ ២តោន ត្រឹមពីរខែដើមឆ្នាំនេះ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើបណ្តាញសង្គមថា៖ នៅចាំកាលពី «បង្កងកណ្តូបកម្ពុជា» ត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមទេ? គ្រាន់តែ ២ខែដើមឆ្នាំនេះ យើងបាននាំចេញ ២តោន រួចបាត់ទៅហើយសម្រាប់ទីផ្សារមួយនេះ។ បង្កងទាំងនេះត្រូវជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិន និងនៅរស់ទាំងអស់ទើបអាចលក់បាន។ ទោះបីជាពិបាកស្មុគស្មាញបន្តិច តែនេះចាត់ទុកថាជាជោគជ័យថ្មីមួយទៀត ដែលបានបើកផ្លូវទីផ្សារថ្មីសម្រាប់ផលិតផលជលផលពីកម្ពុជា!។

គួររំលឹកថា កម្ពុជា បាននាំចេញបង្កងកណ្តូបរស់ ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ពេលគ្រប់គ្នាឃើញទំហំដែល​មន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អះអាងអំពីការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាកត្រឹម​៤៥​គ.ក សាធារណៈជនមួយចំនួននាំគ្នាសើច។ ទន្ទឹមនោះ ក៏មានអ្នកបញ្ចេញទស្សនៈលេងសើច​បង្កប់ការរិះគន់ជាច្រើន​ផងដែរ។

នេះជាការនាំចេញសាកល្បងដោយផលិតផលបង្កងកណ្តូបនេះ​ត្រូវបានវេចខ្ចប់យ៉ាងប្រយ័ត្នប្រយែងខ្ពស់បំផុត ដើម្បី​ធ្វើយ៉ាងណាអោយបង្កង​ដែលនាំចេញ គឺរស់ ដោយបង្កងមួយក្បាល​ត្រូវរុំប្លាស្ទិក​១ និងដាក់អុកស៊ីសែនគ្រប់គ្រាន់ ហើយនៅក្នុងមួយប្រអប់គេអាចដាក់បង្កងនេះ​មានចំនួន​១៥​គ.ក ប៉ុណ្ណោះ ។ មកដល់ដើមឆ្នាំ២០២៤នេះ ការនាំចេញចេះ​តែកើនឡើងជាបន្តបន្ទាប់ ដែលនេះជាសមិទ្ធិផលធំធេងណាស់ នៅក្នុងការបើកអាជីវកម្មវារីវប្បកម្មនៅកម្ពុជាបន្ថែមទៀត។

សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា​ជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលទាំងនោះរួមមាន៖​កំពឹសទឹកសាប,​ត្រីប្រាធំ, ត្រីប្រាខ្ចៅ,​ខ្យង​ទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង,​បង្គាស, និងបង្គាប៉ារ៉ា​៕

អត្ថបទ៖ អក្ខរា