ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ ១៥៤ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសបានបញ្ជាក់ថា ការផ្តល់ឥណទានសម្បទាននេះ បញ្ចាក់ពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ»៕