សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបូជា និងប្រទានភ្លើងបូជាសព ឯកឧត្តម ចាន់ វ៉ែន សមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលប្រារព្ធធ្វើឡើងនៅវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
នៅក្នុងឱកាសមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកទុក្ខ និងសោកស្តាយអាឡោះអាល័យជាពន់ពេកជាមួយ លោកជំទាវ ប៉ែន សារី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តមចាន់ វ៉ែន ដែលជាឧត្តមស្វាមី ជាឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។
ឯកឧត្តម ចាន់ វ៉ែន បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ មរណភាពរបស់ ឯកឧត្តម ចាន់ វ៉ែន មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប មានវីរភាពដ៏ឧត្តុង្គឧត្តម និងគុណបំណាច់ដ៏ធំធេងដែលបានរួមចំណែកតស៊ូរំដោះប្រទេសជាតិ និងការអភិវឌ្ឍជាតិមាតុភូមិគ្រប់កាលៈទេសៈ ពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក៕