ស្វាយកែវរមៀតរបស់កសិករអាស្រ័យផលក្នុងរដូវកំពុងជួបបញ្ហានឹងការធ្លាក់ថ្លៃ

បន្ទាប់ពីស្វាយកែវរមៀតខុសរដូវទើបតែបិទបញ្ចប់ការប្រមូលផលនៅចុងខែកុម្ភៈ សម្រាប់កសិករដែលអាស្រ័យផលស្វាយកែវរមៀតក្នុងរដូវបានចូលមកដល់ការប្រមូលផលស្វាយរបស់ខ្លួនជាបន្តើរៗ ហើយចំណែកតម្លៃក៏ធ្លាក់ចុះជាសន្សឹមៗផងដែរ ពី៨០០រៀលមកនៅ៥០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកសិករធ្វើស្វាយកែវរមៀតខុសរដូវលក់បានរហូតដល់១២០០រៀលក្នុងមួយគីឡូក្រាម។

តម្លៃស្វាយក្នុងរដូវដែលកសិករកំពុងប្រមូលផលនេះត្រូវបាន កសិករចាត់ទុកថាវាមិនសមស្របទៅនិងការចំណាយទៅលើថ្លៃកំម្លំាងពលកម្មថែទំានិងចំណាយលើការប្រមូលផលក្នុងពេលសព្វថ្ងៃនេះ។

លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ស្វាយកែវរមៀតក្នុងរដូវកសិករចាប់ផ្តើមប្រមូលផលចាប់ពីខែមីនារហូតដល់ឧសភាទើបបញ្ចប់ការប្រមូលផល តែតម្លៃស្វាយកែវរមៀតក្នុងរដូវនៅលើទីផ្សារកំពុងដំាក្បាលចុះ ដូចទៅនិងកសិករផុសនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានលើកឡើងថា អត់មានទីផ្សារ តាមរោងចក្រឱ្យគេឱ្យតម្លៃទាប ហើយនៅទីផ្សារខាងក្រៅលក់បានតម្លៃទាបដូចគ្នា។

បើតាមប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ ថាតម្លៃស្វាយកែវរមៀតខុសរដូវកសិករអាចលក់បានថ្លៃ១២០០រៀលក្នុងមួយគីឡូក្រាម តែនៅពេលការប្រមូលផលស្វាយក្នុងរដូវចូលមកដល់ តម្លៃបានធ្លាក់ចុះមកនៅ៨០០រៀល និងបន្តធ្លាក់នៅ៥០០រៀលក្នុងខែមីនា ហើយដល់ខែមេសាអាចបន្តធ្លាក់ចុះនៅសល់៣០០រៀលក្នុងមួយគីឡូក្រាម។

លោកលើកឡើងថា «សមាគមសព្វថ្ងៃនេះ យើងកំពុងធ្វើការជាមួយខាងអង្គការចំនួនពីរ ជួយស្វែងរកទីផ្សារតាមរយៈដាក់ទុនបង្កើតរោងចក្រកែច្នៃក្នុងស្រុក ប៉ុន្តែវានៅជួបប្រឈមដោយសារ យើងមិនទាន់រកទីផ្សារមានតម្រូវផលិតផលកែច្នៃពីស្វាយកែវរមៀត។តែទោះជាបែបនេះក្តី អង្គការទំាងពីរនៅមិនទាន់មានការអះអាងជាក់ជាក់ទេ ដែលបច្ចុប្បន្ននេះ បានត្រឹមតែប្រមូលកង្វល់នានារបស់កសិករ ហើយគាត់បានជួយពង្រឹងទៅលើបច្ចេកទេសក្នុងការវេចខ្ចប់និងការថែទំាស្វាយកែវរមៀតសិនដល់កសិករ» ។

លោកបន្តថា តាមរយៈសមាគមធ្វើការជាមួយអង្គការដៃគូនៅក្នុងរយៈពេលខ្លីកសិករអត់អាចទទួលបានលទ្ធផលទេ តែនៅក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខទៀតរំពឹងថាតម្លៃស្វាយកែវរមៀត ឬផលិតផលកែច្នៃពីផ្លែស្វាយអាចនឹងមានភាពប្រសើរដូចទៅនិងកសិផលកែច្នៃផ្សេងទៀត តួយ៉ាងអាចដូចទៅនិងគ្រាប់ស្វាយចន្ទីក្នុងពេលបច្ចុប្បន្ន៕

អត្ថបទ៖ តាកែវ