សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន ធ្វើឱ្យមន្ទីរពេទ្យតេជោសែនកោះធំ លេចចេញជារូបរាង។

មន្ទីរពេទ្យតេជោសែនកោះធំ ដែលប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងកិច្ចសហការពី ឯកឧត្តម សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយទទួលបានជំនួយសប្បុរសធម៌ ពីសប្បុរសជនជាតិ/អន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស។

មន្ទីរពេទ្យទាំងមូល ត្រូវបានបំពាក់នូវសម្ភារ និងបរិក្ខារវេជ្ជសាស្រ្តដ៏សំបូរបែប ស្របទៅតាមស្តង់ដារកម្រិតអន្តរជាតិ ដែលនឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបមួយក្នុងតំបន់ អាចផ្ទុកគ្រែសម្រាប់អ្នកជំងឺសម្រាកព្យាបាលបានចំនួនប្រមាណ ១៧៩គ្រែ ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងគ្រប់គ្រងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលបានសិក្សានិងអភិវឌ្ឍដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅលើផ្ទៃដីប្រមាណ ១,៣០ហិកតា ក្នុងនោះមានអគារថ្មីចំនួន ០៣ខ្នង ទំហំសរុបស្មើនឹង ១៤ ៧០០ ម៉ែត្រក្រឡា ដោយចំណាយថវិកាសាងសង់ និងបំពាក់សម្ភារបរិក្ខារ អស់ជាង ១០លានដុល្លារសហរដ្ឋអាម៉េរិក។ មន្ទីរពេទ្យនេះ នឹងក្លាយជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និងតំបន់ជុំវិញ៕