កម្ពុជា ប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់សារជាថ្មី បន្ទាប់ពីសន្និសីទ COP28 ថា កម្ពុជាប្តេជ្ញាបង្កើនការរួមចំណែកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០ តាមរយៈគំនិត​ផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានប្តេជ្ញាបង្កើនភាពបៃតង ដោយដាំដើមឈើឱ្យបានជាង ១លានដើមក្នុងមួយឆ្នាំ ដើម្បីសម្រេចបានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០​៥០។

ឯកឧត្តមបានថ្លែងបែបនេះ ក្នុងបទអន្តរាគមន៍ នាឱកាសដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេស​បារាំង ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាពិភពលោក ស្តីអគារនិងការការប្រែប្រួលអាកាសធាតុ the Buildings and Climate Global Forum រៀបចំដោយ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ UNEPនិង Ministry of Ecological Transition and Territorial Cohesion នៃសាធារណរដ្ឋបារាំង។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា សព្វថ្ងៃនេះ កម្ពុជាបាននិងកំពុងដោះស្រាយផលប៉ះពាល់បរិស្ថាននៃវិស័យ​សំណង់ និងការប្រែប្រួលអាកាសធាតុ។ តាមរយៈផែនការយុទ្ធសាស្រ្តនេះ កម្ពុជាបានដាក់ចេញនិងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន 2023-2028 ដោយផ្តោតលើសសរស្តម្ភចំនួនបីគឺ’ស្អាត បៃតង និងចីរភាព សំដៅលើធានាភាពស្អាត និងធ្វើឱ្យកម្ពុជាបៃតង នៅជុំវិញលំនៅដ្ឋាន ជាពិសេសក្នុងឧស្សាហកម្មនិងសហគ្រាសសំណង់នានា និងការគ្រប់គ្រងកាកសំណល់ឱ្យត្រឹមត្រូវផងដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា យើងបានចាប់ផ្តើមយុទ្ធនាការសាធារណៈ ដើម្បីលើកកម្ពស់​ការយល់ដឹង អំពីផលប៉ះពាល់បរិស្ថាននៃសំណង់អគារ ក្នុងនោះការលើកកម្ពស់ការយល់ដឹងអំពីប្រសិទ្ធភាពថាមពល ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងអត្ថប្រយោជន៍នៃការទទួលយកស្តង់ដារអគារបៃតងជាដើម៕