អត្តពលិកនារីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអង់អាចរបស់ស្រ្តីកម្ពុជា

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យ កីឡាជាតិ ក្នុងនោះអត្តពលិកនារីកម្ពុជា តែងតែបង្ហាញ នូវភាពអង់អាចរបស់ខ្លួនជាប្រចាំនៅលើឆាកកីឡាអន្តរជាតិ ជាមួយនឹងការទទួលបាន ជោគជ័យ និងមេដាយជាច្រើន ជូនជាតិមាតុភូមិ។

ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ អត្តពលិកនារីកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតអាចឱ្យកម្ពុជាឈរលើចំណាត់ថ្នាក់ទី៤ ដែលជាប្រវត្តិដ៏អស្ចារ្យបំផុត។

ជាមួយគ្នានេះដែរ កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអង់អាចរបស់ស្រ្តីកម្ពុជា តាមរយៈការបង្ហាញឆន្ទៈ ស្មារតីកីឡា និងគុណតម្លៃអូឡាំពិកក្នុងការជម្នះបញ្ចប់ការរត់ចម្ងាយ ៥,០០០ម៉ែត្រ របស់ខ្លួនក្រោមតំណក់ទឹកភ្លៀង៕