រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំសហការជាមួយនឹងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យា សរុបចំនួន ៥៤៧រូប ។
ជាលទ្ធផលគួរឱ្យកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅក្នុងជួរមន្ត្រីរាជការដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលគាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរសម្រាប់មន្ត្រីរាជការឯទៀត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។ នេះបើយោងតាមការលើកឡើងតាមបណ្តាញសង្គមតេលេក្រាមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ៕