លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារបញ្ជាក់អំពីការចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមអាណាធិបតេយ្យមួយក្រុម ដែលចូលរុករានទន្រ្ទានដីរដ្ឋបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាដាម៉ិច ស្ថិតក្នុងភូមិសាស្ដ្រស្រុកគូលែន។
ការបញ្ជាក់បែបនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានក្រោយពីបានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមដែលរំលោភយកដីរដ្ឋកាលពីថ្ងៃទី០៦មីនា។
លោក ណុប វុធ្ធី បានបញ្ជាក់ថា ដីដែលមានវិវាទនោះមិនមែនជាដីរបស់ក្រុមហ៊ុននោះទេ ជាដីរបស់រដ្ឋ ដែលបានសម្បទានទៅឲ្យក្រុមហ៊ុនវិយោគអភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីឲ្យការងារធ្វើជូនពលរដ្ឋ។ លោកបញ្ជាក់ថា មុនការចុះអនុវត្តវិធានការការពារដីរដ្ឋឲ្យបាននេះ អាជ្ញាធរបានហៅក្រុមពលរដ្ឋមកអប់រំណែនាំជាច្រើនលើកច្រើនសារ។ រយៈពេលកន្លងមកនេះ មានពលរដ្ឋមួយចំនួនដែលជឿតាមការអូសទាញរបស់ក្រុមជនអាណាធិបតេយ្យ ដែលមានមេក្លោងត្រឹមត្រូវ ចង់យកតំបន់នោះធ្វើជាតំបន់អបគមន៍។
សូមជម្រាបថា ជម្លោះដីធ្លីនេះកើតមានឡើងរវាងក្រុមហ៊ុនសីលាដាម៉ិចខូអិលធីឌី និងពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិម្រេច ភូមិស្រយ៉ង់ត្បូងនិងភូមិក្តាក់ ហើយនិងពលរដ្ឋមួយចំនួនទៀតដែលទើបមកតាំងទីលំនៅនៅក្នុងតំបន់នោះ។ក្រុមហ៊ុនសីលាដាម៉ិចខូអិលធីឌីទទួលបានដីសម្បទានសេដ្ឋកិច្ចកាលពីខែមីនាឆ្នាំ២០១១ នៅក្នុងឃុំស្រយ៉ង់ និងឃុំភូមិត្បែងពីរស្រុកគូលែនខេត្តព្រះវិហារ៕
អត្ថបទ៖ អក្ខរា