សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់ទម្រង់សម្លៀកបំពាក់ប្រពៃណី

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងវប្បធម៌ យកចិត្តទុកដាក់លើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ខណៈសម្តេចកត់សម្គាល់ថា បច្ចុប្បន្នមហាជន ជាពិសេសយុវជនកំពុងពេញនិយម និងមោទនភាពខ្ពស់ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្រឡំពីទម្រង់ និងរបៀបរបបប្រើប្រាស់នៅមានភាពស្រពិចស្រពិលបង្កភាពភ័ន្តច្រឡំ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី​២៦ ឆ្នាំ២០​២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈ​មណ្ឌល​​កោះពេជ្រ រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា នាឱកាសពិធីបុណ្យប្រពៃណីជាតិធំៗនានា គេសង្កេតឃើញពលរដ្ឋស្ទើរតែគ្រប់រូប ជាពិសេស យុវជន និងយុវនារីគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន ដែលនេះជាការចូលរួមរក្សានូវអត្តសញ្ញាណ និងវប្បធម៌​​របស់ជាតិកម្ពុជា។ ប៉ុន្តែយ៉ាងណាក៏ដោយ ការគ្រងឈុតប្រពៃណីទៅវត្តបច្ចុប្បន្ននេះនៅមិនទាន់ពេញលេញនោះទេ។ មិនទាន់ពេញលេញ ព្រោះប្រជាជនកម្ពុជានៅមិនទាន់បែងចែកភាពខុសគ្នារវាងអត្តសញ្ញាណរបស់កម្ពុជា ជាមួយនឹងប្រទេសជិតខាងបានដាច់ស្រេចនៅឡើយ។

ការមិនមានចំណេះដឹង និងភាពស្រពិចស្រពិលនេះហើយ បង្កឲ្យមានការយល់ច្រឡំចំពោះទម្រង់សម្លៀកបំពាក់ ដែលនាំឱ្យយុវជនខ្មែរជួយផ្សព្វផ្សាយពីទម្រង់នៃម៉ូតសម្លៀកបំពាក់របស់បរទេសដោយមិនដឹងខ្លួន ឬអាចរងការ​ចោទថា យើងចម្លងពីគេជាដើម៕

អត្ថបទ៖ អក្ខរា