សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “ពាក្យគោរពស្រឡាញ់វប្បធម៌ជាតិ ជាពាក្យងាយស្រួលនិយាយ ប៉ុន្តែដើម្បីឲ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូង ត្រូវមានចំណេះដឹង ត្រូវយល់ដឹងឲ្យបានល្អអំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងលើកស្ទួយវប្បធម៌ជាតិ”។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វប្បធម៌ និងសិល្បៈ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់។ ការជួបជុំថ្ងៃនេះ គឺជាការបង្ហាញអំពីការសាមគ្គីគ្នាទាំងវិស័យរដ្ឋ និងវិស័យឯកជន។ ទន្ទឹមនេះ សម្តេចធិបតីណែនាំដល់ក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ត្រូវតែបន្តការសហការគ្នា ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌៕
អត្ថបទ៖ អក្ខរា