រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី ឬសហគមខ្មែរនៅអូស្ត្រាលីនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។ ប្រការនេះមានន័យថា ពលរដ្ឋខ្មែរដែលមានសញ្ជាតិអូស្ត្រាលីក្តី អាមេរិកក្តី បារាំងជាដើម នៅតែរក្សាសញ្ជាតិខ្មែរ ដោយមិនបានលះបង់សញ្ជាតិដើមចោលឡើយ ដូច្នេះរដ្ឋាភិបាលបានសិទ្ធិក្នុងការតាមថែរក្សាគាំពារពលរដ្ឋទាំងនោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃ “ការចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែមីនា ឆ្នាំ២០២៤” របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការលើកឡើងនេះ បន្ទាប់មានក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាចថា មានការជ្រែតជ្រែកសហគមខ្មែរនៅអូស្ត្រាលី ហើយជំរុញឲ្យមានច្បាប់ដើម្បីទប់ស្កាត់ការជ្រែតជ្រែកចំពោះបញ្ហាផ្ទៃក្នុងរបស់ប្រទេសអូស្ត្រាលី។ ឯកឧត្តម សូ ណារ៉ូ បានគូសបញ្ជាក់ថា បុគ្គល តាក់ ម៉េងហ៊ាង ដែលជាសមាជិករបស់គណបក្ស Labour កាន់អំណាចនៅប្រទេសអូស្ត្រាលី មានតួនាទីជាមេធាវី ប៉ុន្តែបែរជាមិនចេះច្បាប់។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្តថា បើសិនជាលោក តាក់ ម៉េងហ៊ាង និងក្រុមជ្រុលនិយម មិនបានរដ្ឋាបាលកម្ពុជាជួយគាំពារខ្លួនទេ អាចលះបង់សញ្ជាតិខ្មែរ ហើយបើមានអ្នកណាទៅទាក់ទងទៀត នោះទើបហៅថាជាការជ្រែតជ្រក។ ដូច្នេះសុំកុំភ្លេចថា រាជរដ្ឋាភិបាលកម្ពុជាតាមថែរក្សាគាំពារបងប្អូនខ្មែរយើងនៅក្រៅប្រទេសតែប៉ុណ្ណោះ។
ឯកឧត្តម សូ ណារ៉ូ បានថ្លែងទៀតថា «គួរឱ្យអស់សំណើចទៅទៀត នៅត្រង់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកបានទទួលការអញ្ជើញពីប្រទេសអូស្ត្រាលី ដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese គឺជាមេដឹកនាំគណបក្សកាន់អំណាច ដែលជាគណបក្ស Labour គឺលោក តាក់ ម៉េងហ៊ាង ក៏ជាសមាជិករបស់គណបក្ស Labour ដែរ អញ្ចឹងគាត់បែរជាដឹកនាំមនុស្សបាតុកម្មនៅពេលដែលមេរបស់គាត់ គោរពអញ្ជើញសម្តេចធិបតី ទៅប្រទេសអូស្ត្រាលី នេះគួរតែគណបក្ស Labour ត្រូវតែព្រមានលោក តាក់ ម៉េងហ៊ាង ដែលដើរខុសនឹងគោលការណ៍របស់គណបក្សគាត់»។
ទន្ទឹមនេះ ឯកឧត្តម បានផ្តាំផ្ញើទៅក្រុមអ្នកនយោបាយប្រឆាំងជំនាន់ក្រោយ គួរតែផ្លាស់ប្តូរទម្លាប់នយោបាយជ្រុលនិយម ដែលបន្សល់ទុកដោយក្រុមអ្នកប្រឆាំងជំនាន់មុន។ ក្រុមអ្នកប្រឆាំងជំនាន់មុន ដែលឯកឧត្តមសំដៅទៅលោក ហុង លីម ដែលបានចូលនិវត្តន៍ ហើយមានការផ្លាស់ប្តូរថ្មីមកលោក តាក់ ម៉េងហ៊ាង ដែលជាបញ្ញវន្តជំនាន់ក្រោយ។ តែគួរឱ្យសោកស្តាយ គឺថា លោក តាក់ ម៉េងហ៊ាង នៅតែបន្តនយោបាយជ្រុលនិយម ពីជំនាន់ចាស់ ហើយកាន់តែជ្រុលនិយម ជាងអ្នកនយោបាយចាស់ទៅទៀត៕
អត្ថបទ៖ អក្ខរា